Skip to main content

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ

មាន​រឿង​មួយ​ថា​ មាន​បុរស​ម្នាក់​ មាន​ប្រពន្ធ​ល្អ​ ទើប​តែ​រៀប​ការ​ថ្មីៗ​ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ​ មាន​កម្លោះ​ពីរ​នាក់​ បាន​ឃើញ​ ក៏​ស្រឡាញ់​ចង់​បាន​ វា​គិត​ថា << យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ ? ។ ចៅ​ម្នាក់​ ឆ្លើយ​ថា​ងាយ​ទេ​ ឯង​គិត​ទៅ​រក​ខ្ចី​រទេះ​គោ​មក​បរ​ ប៉ុន្តែ​ឯង​មិន​ស្គាល់​អញ​ បើ​អញ​សួរ​ឯងៗ​ កុំ​ប្រាប់​ថា​រទេះ​ ចូរ​ឯង​ប្រាប់​ថា​ចន្ទោល​ ថា​នឹម​ទៅ​វិញ ។ ទើប​កម្លោះ​ម្នាក់​ទៅ​ខ្ចី​រទេះ​គេ​មក​បរ​ឲ្យ​ជួប​នឹង​បុរស​បណ្ដើរ​ប្រពន្ធ​ នោះ​ដើរ​មក​ដល់, ក៏​កម្លោះ​ម្នាក់​នោះ​វា​សួរ​ថា << នែ​អ្នក ! អញ្ជើញ​មក​អាយ​ ឈប់​និយាយ​គ្នា​លេង​បន្តិច​សិន >> ។ បុរស​ការ​ប្រពន្ធ​ថ្មី​ ក៏​ចូល​ទៅ​អង្គុយ​លេង ។ លុះ​កម្លោះ​ម្នាក់​ បររទេះ​មក​ដល់​វា​ធ្វើ​ជា​សួរ​ថា

 << នេះ​ហៅ​អ្វី ? អ្នក ! ។ បុរស​ប្ដី​ប្រពន្ធ​ ឆ្លើយ​ប្រាប់​ថា << គេ​ហៅ​រទេះ។ មែន​ឬ​អ្នក ? ។ បុរស​នោះ​ថា << មែន >>។ << បើ​មែន​អ្នក​ហ៊ាន​ភ្នាល់​នឹង​ខ្ញុំ​ទេ>>។បុរស​នោះ​សួរ​ថា << អ្នក​ឯង​មាន​ទ្រព្យ​អ្វី​ភ្នាល់​នឹង​យើង ? ។ កម្លោះ​នោះ​ថា << បើ​ខ្ញុំ​ចាញ់​ ខ្ញុំ​នៅ​ជា​ខ្ញុំ​អ្នក​ បើ​ខ្ញុំ​ឈ្នះ << សុំ​តែ​ប្រពន្ធ​អ្នក >> ។ បុរស​នោះ​គិត​ថា​ ប្រាកដ​ជា​គេ​ហៅ​រទេះ​មែន​នឹង​ខ្លាច​អ្វី​ ក៏​ព្រម​ភ្នាល់​នឹង​គេ​ទៅ ។ ទើប​កម្លោះ​ដែល​ឈរ​ សួរ​ទៅ​អ្នក​បររទេះ​ចង្អុល​ទៅ​សួរ​ទៅ​ចន្ទោល, កម្លោះ​អ្នក​បររទេះ​ប្រាប់​ថា << នេះ​គេ​ហៅ​ចន្ទោល>>។ ចង្អុល​សួរ​ទៅ​នឹម​ថា << នេះ​គេ​ហៅ​នឹម >> ។ << នេះ​គេ​ហៅ​ទូក >> << នេះ​គេ​ហៅ​ទ្រាយ >> << នេះ​គេ​ហៅ​ប្រែក >> << នេះ​គេ​ហៅ​កង់ >> << នេះ​គេ​ហៅខ្នង​កង់ >> << នេះ​គេ​ហៅ​ត្រពង >> ដល់​ឆ្លើយ​រួច​សព្វគ្រប់​ កម្លោះ​នោះ​សួរ​ទៅ​បុរស​ជា​ប្ដី​ថា<< ឥឡូវ​ គេ​មិន​ហៅ​រទេះ​ទេ​ បើ​ដូច្នោះ​តើ​អ្នក​ឯង​ព្រម​ចាញ់​យើង​ឲ្យ​ប្រពន្ធ​មក​យើង​ឬ​ម្ដេច ? បុរស​ជា​ប្ដី​នោះ​មិន​ព្រម, ដល់​ប្រកែក​ទៅ​មិន​ឈ្នះ​គេៗ​ ដណ្ដើម​យក​ប្រពន្ធ​ទៅ​បាន ។ បុរស​នោះ​មិន​សុខ​ចិត្ត​ទៅ​ប្ដឹង​ចៅ​ក្រមៗ​ ឲ្យ​ទៅ​កោះ​ចៅ​ទាំង​ពីរ​នោះ​មក​ជំនុំ, កម្លោះ​ទាំង​ពីរ​នាក់​នោះ​វា​សូក​ចៅ​ក្រមៗ​កាត់​សេចក្ដី​ថា << ត្រូវ​ចាញ់​គេ​ហើយ​ ត្រូវ​ឲ្យ​ប្រពន្ធ​ទៅ​គេ​ហើយ >> ។ បុរស​នោះ​ខឹង​ណាស់​ ត្បិត​គេ​យក​ប្រពន្ធ​ទៅ​បាន​ ដើរ​ផង​ យំ​ផង, ដើរ​បន្តិច​ទៅ​ប្រទះ​សុភាទន្សាយៗ​សួរ​ថា << ថ្វី​បាន​ជា​យំ​បង ? >> ៗ បុរស​នោះ​ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់ ។ សុភាទន្សាយ​ថា << បើ​ដូច្នោះ​បង​ឯង​កុំ​ភ័យ​ រក​តែ​ចេក​មក​ឲ្យ​យើង​ស៊ី​សិន​ យើង​ទៅ​ជួយ​ជំនុំ​ឲ្យ​បាន​ប្រពន្ធ​មក​វិញ >> ។ បុរស​នោះ​អរណាស់​ ខំ​ទៅ​រក​ចេក​មក​ឲ្យ​សុភាទន្សាយៗ​ ស៊ី​ចេក​រួច​ហើយ​ ដើរ​ទៅ​ជាមួយ​បុរស​នោះ​ ទៅ​ដល់​សួរ​ចៅក្រម​ថា << លោក​កាត់​សេចក្ដី​គេ​នោះ​ តើ​ដូចម្ដេច​ខ្លះ ? >>។ ចៅក្រម​ ឆ្លើយ​ប្រាប់​តាម​ដំណើរ​សព្វគ្រប់ ។ សុភាទន្សាយ​ថា << លោក​កាត់​សេចក្ដី​ មិន​ទាន់​អស់​ទេ​ បើ​ដូច្នេះ​ខ្ញុំ​សូម​កាត់​សេចក្ដី​នេះ​ផង​ ឲ្យ​សុខ​ចិត្ត​ទាំងពីរ​ខាង >> ។ សុភាទន្សាយ​ សួរ​កម្លោះ​ដែល​យក​ប្រពន្ធ​គេ​មក​នោះ​ថា << អ្នក​ទាំងពីរ​នាក់​កាល​ភ្នាល់​គ្នា​ថា​ដាក់​អ្វី ? >> ។ បុរស​នោះ​ឆ្លើយ​ថា << ដាក់​ប្រពន្ធ >> ។ សុភាទន្សាយ​ សួរ​ទៅ​កម្លោះ​នោះ​ថា << ត្រង់​ណា​ហៅ​ប្រពន្ធ >> បើ​អ្នក​រក​ឃើញ​យក​ទៅ​ចុះ​ បើ​រក​មិន​ឃើញ​ទេ​ ឲ្យ​ប្រពន្ធ​ទៅ​គេ​វិញ​ទៅ>>។ កម្លោះ​នោះ​ចាប់​ត្រង់​ដៃ, សុភាទន្សាយ​ប្រាប់​ថា​ នេះ​គេ​ហៅ​ថា​ដៃ​ទេ​ វា​ចាប់​ត្រង់​ជើង​ សុភា​ទន្សាយ​ថា << នេះ​គេ​ហៅ​ជើង​ទេ >> វា​ចាប់​ត្រង់​នេះ​ ក៏​ថា​មិនមែន, ត្រង់​នោះ​ក៏​ថា​មិនមែន​ ហើយ​ប្រាប់​ថា​រួម​ទាំងអស់​គ្នា​ទៅ​ទើប​គេ​ហៅ << ប្រពន្ធ >> ឯ​រទេះ​ក៏​ដូច​គ្នា​គឺ​គេ​ហៅ​ចន្ទោល​ នឹម​ ទូក​ ទ្រាយ​ ប្រែក​ ធ្នង់​ ត្រពង​ រួម​ទាំងអស់​នេះ​ទៅ​ ទើប​ហៅ​ថា<< រទេះ>> បើ​ដូច្នេះ​ ឯង​យក​ប្រពន្ធ​គេ​ មិន​បាន​ទេ​ ឲ្យ​មក​គេ​វិញ >> ។ សុភាទន្សាយ​ឲ្យ​កម្លោះ​នោះ​ យក​ប្រពន្ធ​មក​វិញ។ សុភាទន្សាយ​ស្ដី​ឲ្យ​លោក​ចៅក្រម​ថា << បង​កាត់​សេចក្ដី​នេះ​ស៊ី​តែ​សំណូក​គេ​ គ្មាន​ត្រង់​តាម​ព្រះ​ច្បាប់​សោះ >> ។ បុរស​នោះ​ប្រាប់​ប្រពន្ធ​មក​វិញ​ ក៏​អរណាស់​ លើក​ដៃ​សំពះ​សុភាទន្សាយ​ថា << លោក​បង​កាត់​សេចក្ដី​នេះ​ ពេញ​ហៅ​ត្រង់​ហើយ​ ឲ្យ​លោក​បាន​សម្បត្តិ​សួគ៌​និព្វាន >> ។ ប្រាជ្ញ​ឯង​ ឲ្យ​ក្រែង​ប្រាជ្ញ​គេ

Comments

Popular posts from this blog

រឿង​ ស្រី​កណ្តុរ​ល្អោច គឺ​កណ្តុរ​បំផ្លាញ

  កាល​ពី​ដើម មាន​បុរស​ម្នាក់​មាន​ប្រពន្ធ ។ បុរស​នោះ តែង​ទៅកាប់​ចម្ការ​សព្វ​ថ្ងៃ លុះ​កាប់​ចម្ការ​ទៅ​ដល់​ដើម​ជ្រៃ​មួយ ស្តេច​កណ្តុរ​ស ដែល​នៅ​នឹង​ដើម​ជ្រៃ​នោះ មាន​សេចក្តី​ភិត​ភ័យ ហើយ​ហើយ​ទៅ​អង្វរ​បុរស​ដែល​កាប់​ព្រៃ​ធ្វើ​ចម្ការ​នោះ​ថា " សុំ​ឲ្យ​បុរស​ទុក​តែ​ដើម​ជ្រៃ​មួយ​នេះ ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ជា​មាស ក្នុង​មួយ​ថ្ងៃ​មួយ​ដុំ " ។ បុរស​នោះ ក៏​ព្រម​ទុក​ដើម​ជ្រៃ​ឲ្យ ។ ស្តេច​កណ្តុរ​ស បាន​យក​មាស​មក​ប្រគល់​ឲ្យ​បុរស​នោះ​តែ​រាល់​ថ្ងៃ ។ បុរស បាន​មាស​ហើយ យក​ទៅ​ប្រគន់​ឲ្យ​ប្រពន្ធ​តែ​រាល់​ថ្ងៃ ។ ប្រពន្ធ​សួរ​ថា " អ្នក​ បាន​មាស​ពី​ណា? " ។ ប្តី​ថា​ "នាង​កុំ​ចង់​ដឹង​អី ចេះ​តែ​ទុក​ទៅ" ។ 

Khmer Riddles

Kids riddles and answers are those that are appropriate riddles for children to read and attempt to solve. Many studies have shown significant evidence that riddles can aid in the development of problem solving skills and an understanding of language, especially in younger children.  1- ឈ្មោះនៅលើមេឃ ខ្លួនដេកនៅលើដី សក់នៅឯព្រៃ អាច់ម៌នៅលើចុងឈើ ។ តើជាសត្វអ្វី ? ចូបកស្រាយ ទាំង៤ចំណុចនេះអោយបានច្បាស់ ។ 2- បោះសន្ទូចរំលងភ្នំ ត្រីឆ្តោរមាត់ធំដេញ ត្របាក់ក្រងោកមាស ។ តើជាអ្វី? 3- កុកមួយជើងពីរ ចុះកុកប្រាំជើងប៉ុន្មាន ? 4- ឈើពុករុកឈើខ្លឹម។ តើជាអ្វី? 5- ដើមឈ្មោះមួយអក្សរ ស្លឹកគេស្ល ផ្លែជន្លក់អំបិលម្ទេស ។ តើជាផ្លែអ្វី ? 6- ស៊ីតាមគូថ ជុះតាមមាត់ ។​តើជាអ្វី? 7- ដើរជើងដប់ ឈប់ជើងបី ។ តើជាអ្វី? 8- គ្រលីងគ្រលង លោតផ្លោតអ្នកឆោតរកមិនឃើញ ។ តើជាអ្វី? 9- កូនមាន់ដើរមុខកូនទា កូនទាដើរក្រោយកូនមាន់ កូនមាន់ដើរលឿនជាងកូនទា កូនទាដើរ យឺតជាងកូនមាន់ ។ តើកូនទាសួរកូនមាន់ថាម៉េច ហើយកូនមាន់ឆ្លើយប្រាប់កូនទាវិញថា ម៉េច ? 10- ហេតុអ្វីបានជា សត្វគោងាកលិត ខ្លួនវាម្តងម្ខាងៗ ? 11- មេមាន់បណ្តើរកូនក្រុកៗ យកដ...

Kid Toy Squigz

Do you want this toy?